លេខសៀវភៅតាមខ្នាតអន្តរជាតិ (លសខអ ISBN) កម្ពុជា

លេខសៀវភៅតាមខ្នាតអន្តរជាតិ(លសខអ ISBN)គឺជាប្រព័ន្ធ ដែលកំណត់ លេខសំគាល់សៀវភៅ  ដែលមាន ការទទួលស្គាល់ជាអន្តរជាតិ ។ នៅប្រទេសកម្ពុជា បណ្ណាល័យជាតិកម្ពុជា (NLC)គឺជាទីភ្នាក់ងារលេខ ISBNដែលត្រូវបានតែងតាំងឡើង ហើយទទួលខុសត្រូវចំពោះ ការចែកចាយ និងគ្រប់គ្រងប្រព័ន្ធលេខ

អត្ថប្រយោជន៍របស់លេខ ISBN
ប្រព័ន្ធលេខISBNគឺជាឧបករណ៍ឈានមុខគេនៅក្នុងពិភពលោក សំរាប់ពាណិជ្ជកម្មសៀវភៅ និងទីផ្សារបណ្ណាល័យអន្តរជាតិ ។ ដោយ ការប្រើប្រព័ន្ធលេខ ISBNអ្នកលក់សៀវភៅ អ្នកបោះពុម្ពផ្សាយ អ្នកនិពន្ធ និងបណ្ណាល័យនានា នៅកម្ពុជា អាច ៖

 • បញ្ចូលការបោះពុម្ពផ្សាយទៅក្នុងគន្ថនិទ្ទេសពាណិជ្ជកម្មអន្តរជាតិ ដោយផ្សព្វផ្សាយអំពីទិន្នផលនៃ ការបោះពុម្ពផ្សាយ របស់កម្ពុជាទៅ កាន់ពិភពលោក
 • លើកទឹកចិត្តដល់ការលក់សៀវភៅ និងជួយសម្រួលដល់ច្រកចូល កាន់តែធំជាងមុនទៅក្នុងទីផ្សារជាតិនិងអន្តរជាតិ
 • កំណត់ការបោះពុម្ពផ្សាយមួយបានឆាប់រហ័ស និងប្រកបដោយ ប្រសិទ្ធភាព ដោយមិនចាំបាច់ស្រាវជ្រាវ លើកំណត់ត្រាគន្ថនិទ្ទេស ដ៏យូរ ហើយចំណេញពេល និងសន្សំសំចៃថវិកា
 • កសាងកម្រងឯកសារបណ្ណាល័យ និងកាតាឡុក ដែលមានលក្ខណៈ ទូលំទូលាយ ហើយងាយស្រួលរក
   

រចនាសម្ព័ន្ធរបស់លេខISBN
លេខISBNមានចំនួន១០ ខ្ទង់ បំបែកជាបួនផ្នែកដោយ សហសញ្ញា ឬការដកឃ្លា ។ ឧទាហរណ៍  ៩៩៩៥០-០-២១០-៨ ឬ ៩៩៩៥០ ០ ២១០ ៨
 

ផ្នែកទី១ - លេខសំគាល់ក្រុម
សំគាល់ប្រទេស តំបន់ ឬភាសាតំបន់ ដែលចូលរួម ក្នុងប្រព័ន្ធលេខ ISBN។ លេខសំគាល់​ក្រុមសំរាប់​សៀវ​ភៅ ដែលបានបោះពុម្ព នៅ កម្ពុជា គឺ ៖ ៩៩៩៥០
 

ផ្នែកទី២ - លេខសំគាល់អ្នកបោះពុម្ពផ្សាយ
សំគាល់អ្នកបោះពុម្ពផ្សាយនៅក្នុងក្រុមនោះ ។ ចំនួនខ្ទង់នៅក្នុងលេខ សំគាល់អ្នកបោះពុម្ពផ្សាយនេះ អាស្រ័យលើទំហំនៃការបោះពុម្ពផ្សាយ របស់អ្នកបោះពុម្ពផ្សាយនីមួយៗ ។
 

ផ្នែកទី៣ - លេខសំគាល់ចំណងជើង
សំគាល់ចំណងជើង និងការរៀបរៀងសៀវភៅ របស់អ្នកបោះពុម្ព ផ្សាយ ។
 

ផ្នែកទី៤- លេខផ្ទៀងផ្ទាត់
លេខនេះ គឺជាលេខចុងក្រោយបំផុតនៃលេខISBN។ គេប្រើរូបមន្តគណិតវិទ្យាដើម្បីគណនាលេខនេះ ។ គេបញ្ចូលលេខនេះមក ដើម្បី ធានានូវភាពសុក្រិតរបស់លេខ ISBN។ លេខផ្ទៀងផ្ទាត់នេះ តែងតែ ជាលេខ០-៩ឬអក្សរX (ជំនួសលេខ១០)ជានិច្ច។

 

សូមកត់សំគាល់ៈ ដោយសារលេខ ISBNដែលជាលេខពិសេស សំរាប់សំគាល់សៀវភៅនីមួយៗ  លេខISBNដែលត្រូវបានកំណត់ ចំពោះសៀវភៅណាមួយហើយ គេមិនអាចប្រើវាម្តងទៀត ដើម្បី កំណត់​សៀ​វភៅផ្សេងទៀតបានទេ។លេខ ISBNគឺប្រើបានតែម្តង សំរាប់ចំណង​ជើងសៀវភៅ​ណា​មួយ​ប៉ុណ្ណោះ ។

 

សំខាន់ៈ​ ការផ្លាស់ប្តូររចនាសម្ព័ន្ធលេខISBN
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៧ តទៅ រចនាសម្ព័ន្ធលេខISBNនឹងផ្លាស់ប្តូរទៅជាប្រព័ន្ធលេខ១៣ ខ្ទង់ ។ ការផ្លាស់ប្តូរនេះ នឹងបង្កើត នូវISBNsច្រើនថែមទៀតសំរាប់ចែកចាយ ពីព្រោះការផ្គត់ផ្គង លេ់ខបច្ចុប្បន្ន កំពុងចាប់ផ្តើមអស់ហើយ ។ ដើម្បីធានានូវការផ្លាស់ប្តូរ ដ៏រលូនទៅរករចនាសម្ព័ន្ធថ្មីនេះ បណ្ណាល័យ​ជាតិ​កម្ពុជា (NLC)នឹង ចាប់ផ្តើមចែកចាយលេខ ISBNដែលមានលេខ១៣ ខ្ទង់ចាប់ពី ខែមិថុនា ឆ្នាំ២០០៥ នេះតទៅ ដែលនឹងបោះពុម្ព ដំណាលគ្នាជាមួយ លេខ ISBNដែលមានលេខ១០ខ្ទង់ ។ សេចក្តី​ណែ​នាំ​បន្ថែមស្តីពី ការផ្លាស់ប្តូរនេះ នឹងត្រូវផ្តល់ជូន នៅពេលមានការដាក់ពាក្យសុំលេខISBN។

 

ការបោះពុម្ពលេខISBN
លេខISBNត្រូវតែលេចឡើងនៅលើសៀវភៅ ហើយងាយស្រួលរកឃើញ ។ លេខ ISBNត្រូវតែបាន​បោះ​​​ពុម្ព ដោយមានសហសញ្ញា ឬការដកឃ្លាជានិច្ចនៅចន្លោះផ្នែកទាំងបួន ហើយនៅពីមុខវាតែងមាន​អក្សរ​ លសខអ ISBNជានិច្ច ។

ឧទាហរណ៍ៈ
លសខអ ៩៩៩៥០-០-៥៦៨-៩
ISBN 99950-0-568-9

លសខអ ៩៩៩៥០ ០ ៥៦៨ ៩
ISBN 99950 0 568 9
សំរាប់ការបោះពុម្ពផ្សាយជាភាសាខ្មែរ ការបោះពុម្ពលេខ ISBNជាភាសាខ្មែរ ក៏មានលក្ខណៈសមស្រប ផងដែរ នៅក្នុងទម្រង់ដូចខាង ក្រោម ៖
លសខអ ៩៩៩៥០-០-៥៦៨-៩

ជាបឋម លេខ ISBNត្រូវលេចឡើងនៅលើទំព័រក្រោយទំព័រចំណង ជើង (គឺនៅលើទំព័ររក្សាសិទ្ធិ) ព្រមជាមួយពត៌មាន អំពីការរក្សា សិទ្ធិ និង ពត៌មានអំពីសៀវភៅ ។ប្រសិនបើអាចធ្វើទៅបាន លេខ ISBNក៏គួរតែត្រូវបានបោះពុម្ព នៅលើផ្នែកខាងក្រោមនៃ​ក្របក្រោយ​សៀវភៅ​ខាងក្រៅផងដែរ ។

 

ឯកសារដែលមានសិទ្ធិទទួលលេខISBN
តើឯកសារប្រភេទណាដែលមានសិទ្ធិទទួលលេខ
ISBN?
នៅប្រទេសកម្ពុជា លេខ ISBNsប្រើសំរាប់សំគាល់ សៀវភៅ ដែលត្រូវបានបោះពុម្ព ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ មានទម្រង់ ឯកសារ ជាច្រើន ដែលមានសិទ្ធិទទួលលេខISBNsដូចជា សៀវភៅ​ដែលគេថត​ដាក់កាសែត ឬ ស៊ីឌីរ៉ូម ផែនទី ភាពយន្ត និង វីដេអូ អប់រំ មីក្រូហ្វម និងសូហ្វវែ័រ ជាដើម ។

 

តើឯកសារប្រភេទណា ដែលមិនមានសិទ្ធិទទួលលេខISBN?
មានឯកសារមួយចំនួន ដែលមិនមានសិទ្ធិទទួលលេខ ISBNsដូចជា កំណត់ហេតុប្រចាំថ្ងៃ (ទិន្នានុលេខ), ប្រតិទិន,ឯកសារផ្សាយពាណិជ្ជកម្ម,ឧបករណ៍ថតសម្លេង(លើកលែងសៀវភៅដែលគេថត ដាក់កាសែត ឬ ស៊ីឌីរ៉ូម), ការបោះពុម្ពសិល្បៈ និងសំណុំឯកសារ ដែល មិនមានទំព័រចំណងជើង ឬអត្ថបទ, ការបោះពុម្ពផ្សាយជាភាគ ដូចជា ការបោះពុម្ពផ្សាយ ដែលត្រូវបានបោះពុម្ពនៅ ចន្លោះពេលដ៏ទៀង ទាត់ (ទស្សនាវដ្តី, កាសែត, របាយការណ៍ប្រចាំឆ្នាំ)។ ការបោះពុម្ព ផ្សាយជាភាគ គួរត្រូវបាន​កំណត់​លេខ​ស៊េរីខ្នាតអន្តរជាតិ (ISSN) ។ សូមទាក់ទងបណ្ណាល័យជាតិកម្ពុជា(NLC)សំរាប់ ពត៌មានបន្ថែម ។

 

តើត្រូវកំណត់លេខISBN ថ្មីសំរាប់ការបោះពុម្ពផ្សាយនៅ ពេលណា?
គេគួរតែកំណត់លេខ ISBNសំរាប់សៀវភៅមួយ ប្រសិនបើ

 • ការរៀបរៀងមួយ ត្រូវបានកែប្រែ និងបោះឡើងវិញ ដោយមាន ការផ្លាស់ប្តូរខ្លឹមសារ យ៉ាងតិច ៥%
 • ទម្រង់មានការផ្លាស់ប្តូរ ។ ឧទាហរណ៍ សៀវភៅមួយ ត្រូវបាន បោះពុម្ពឡើងវិញជាខ្សែអាត់សម្លេង ឬផ្លាស់ក្របរឹង ឬក្រាស់ ទៅក្របទន់ ឬស្តើង ៘
 • ការបោះពុម្ពឡើងវិញ ត្រូវបានធ្វើឡើងដោយអ្នកបោះពុម្ពផ្សាយ មួយផ្សេងទៀត ។
 • ការបោះពុម្ពផ្សាយ ត្រូវបានដាក់ចំណងជើងថ្មី ឬចំណងជើងដែល ត្រូវបានកែប្រែ ។

 

ការបោះពុម្ពផ្សាយមួយ មិនត្រូវការលេខISBNថ្មីទេ ប្រសិនបើ

 • ការបោះពុម្ពផ្សាយនោះ បានឆ្លងកាត់ការកែប្រែតម្លៃ
 • ការបោះពុម្ពផ្សាយនោះ ត្រូវបានបោះពុម្ពឡើងវិញ ដោយ           មិនមានការកែប្រែណាមួយ
 • ការបោះពុម្ពផ្សាយនោះ ត្រូវបានបោះពុម្ពឡើងវិញ ដោយ           មានការរចនាក្របថ្មី
   

តើត្រូវដាក់ពាក្យសុំលេខ ISBN ដោយវិធីណា?
បំពេញបែបបទនៃការដាក់ពាក្យសុំលេខ ISBNដែលទទួលបានពី បណ្ណាល័យជាតិកម្ពុជា សំរាប់ចំណង​ជើងថ្មីនីមួយៗ ដែលត្រូវបោះពុម្ព ផ្សាយ ហើយផ្ញើជូនមកអាសយដ្ឋានដូចខាងក្រោម ។ ប្រសិនបើ លោក-អ្នក គឺជាអ្នកបោះពុម្ពផ្សាយ ដែលដាក់ពាក្យសុំលេខISBNជាលើកដំបូងនោះ លេខសំគាល់​អ្នកបោះ​​ពុម្ពផ្សាយ​មួយ នឹងត្រូវបាន កំណត់ជូនលោក-អ្នក ដោយផ្អែកលើចំនួននៃសៀវភៅ ដែលអ្នក​រំពឹង ថានឹងបោះពុម្ពផ្សាយ ។ នៅពេលដែលបែបបទនេះ ត្រូវបានផ្តល់មក ហើយ លេខISBNនឹងត្រូវបានផ្ញើជូនលោក-អ្នកតាមរយៈបញ្ញើ ប្រៃសណីយ៍ ឬអ៊ីមែលក្នុងរយៈពេល ១០-១៥ ថ្ងៃនៃ​ថ្ងៃធ្វើការ ។
 

ការធ្វើអំណោយដល់បណ្ណាល័យជាតិ
បណ្ណាល័យជាតិកម្ពុជា កំពុងធ្វើការ ដើម្បីកសាងកម្រងឯកសារនៃ សៀវភៅជាបេតិកភ័ណ្ឌជាតិ​ដ៏ទូលំទូលាយមួយ ដែលទាក់ទងនឹង ប្រទេសកម្ពុជា ។ ទោះបីជាពុំទាន់មានច្បាប់ដែលចែងថា អ្នក​បោះ​ពុម្ពផ្សាយ ត្រូវផ្តល់សៀវភៅជាអំណោយដល់បណ្ណាល័យជាតិក៏ដោយ ក៏បណ្ណាល័យជាតិកម្ពុជា នឹង​ថ្លែងអំណរគុណ ដល់ការធ្វើអំណោយ ចំនួន៥ច្បាប់នៃសៀវភៅណាមួយ ដែលត្រូវបាន បោះពុម្ពថ្មី​នៅក្នុង ប្រទេសកម្ពុជា ។ អំណោយ អាចផ្ញើ ឬផ្តល់ជូនដោយផ្ទាល់នៅ អាសយដ្ឋានដូចខាងក្រោម ។

 

ទាក់ទង
ទីភ្នាក់ងារលេខ ISBNកម្ពុជា
បណ្ណាល័យជាតិកម្ពុជា
ផ្លូវលេខ ៩២Christopher Howes
ខណ្ឌ ដូនពេញ, រាជធានីភ្នំពេញ, កម្ពុជា
ទូរស័ព្ទលេខ ៖ ០១១​ ៣០៣៧០១ /០២៣ ៤៣០ ៦០៩
អ៊ីមែលៈmonychhoun99@yahoo.com
វ៉ិបសាយ ៖www.nlc.org.kh

 

ទំនាក់ទំនង
សំណួរដែលគេសួរជាញឹកញាប់
http://www.isbn-international.org/en/faq.html
សៀវភៅសំរាប់អ្នកប្រើលេខ ISBN
http://www.isbn-international.org/en/manual.html