សូមជម្រាបសួរនិងសូមស្វាគមន៍បំពោះការបើកសម្ពោធជាផ្លូវការគេហទំព័របណ្ណាល័យជាតិកម្ពុជា។
នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនប្រិយមិត្តទាំងអស់ដែលត្រូវការសិក្សាស្រាវជ្រាវនិងស្វែងរកឯកសារពីបណ្ណាល័យជាតិកម្ពុជា។ គេហទំព័រដែលលោក លោកស្រី បងប្អូនកំពុងតែអាននេះ មានគោលបំណងផ្តល់ជូនដល់សាធារណជន អ្នកអានអ្នកស្រាវជ្រាវនិងប្រជាពលរដ្ឋទូទៅនូវចំណេះដឹង និងការយល់ដឹងពីព័ត៌មាន សេវាកម្មនានារបស់បណ្ណាល័យជាតិកម្ពុជា និងបណ្តុះមហាជនទាំងអស់ឲ្យមានចំណងចំណូលចិត្តទម្លាប់ក្នុងការអានសៀវភៅព្រមទាំងជួយជាទុនមូលដ្ឋាននៃចំណេះដឹង ការយល់ដឹង ហើយនៅក្នុងគេហទំព័រនេះប្រាប់ពីរបៀបស្រាវជ្រាវ និងអំពីបច្ចេកទេសស្វែងរកឯកសារនៅក្នុងបណ្ណាល័យជាតិ។
នេះគឺជាការចាប់ផ្តើមដ៏តូចមួយ លើវិថីនៃការអានចែករំលែកនិងបញ្ជូនព័ត៌មានដល់បណ្តាប្រិយមិត្តអ្នកអានទាំងអស់ ជាកុលបុត្រ កុលធីតាខ្មែរ ទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុករួមទាំងមិត្តបរទេសផ្សេងទៀតដែលចង់ សិក្សាស្វែងយល់ អំពីប្រវត្តិសាស្រ្តខ្មែរ អាចធ្វើការតាមដានរាល់ព័ត៌មានផ្សេងៗដែលបណ្ណាល័យបានបង្ហោះផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់បណ្ណាល័យជាតិដោយងាយ (www.nlc.gov.kh) នាពេលខាងមុខនេះ។ ជាកិច្ចសន្យាដ៏ទូលំទូលាយមួយ ក្រុមការងាររបស់របស់បណ្ណាល័យជាតិកំពុងធ្វើដំណើរការប្រកបដោយគម្រោង គំនិតកែឆ្នៃបន្ថែមឲ្យកាន់តែប្រសើរ ដើម្បីប្រមូលនូវរាល់ព័ត៌មាន និងរាល់ឯកសារគ្រប់ប្រភេទទាំងសៀវភៅ សាស្រ្តាស្លឹកករិត អត្ថបទភ្លេង រូបភាពដែលទាក់ទង និងវប្បធម៌ អរីយធម៌ ប្រវត្តិសាស្រ្តខ្មែរ ដែលយើងយល់ថាជាតម្រូវការចាំបាច់ក្នុងសង្គមជាតិ ជាពិសេសដល់ប្អូនៗសិស្សានុសិស្ស និស្សិត អ្នកស្រាវជ្រាវគ្រប់ជំនាន់ឲ្យកាន់តែមានភាពទូលំទូលាយ និងឲ្យកាន់តែមានកំរិត ចំណេះដឹងដ៏សុក្រិតមិនអាចខ្វះបាន ដើម្បីរៀបចំតម្លៃខ្លួនឱ្យក្លាយជាសរសរទ្រូងរបស់ប្រទេសជាតិយ៉ាងរឹងម៉ាំទៅអនាគត់ដូចពាក្យស្លោកមួយឃ្លានៅលើជញ្ជាំងបណ្ណាល័យជាតិបានសរសេរថា៖
“ កំឡង ចងតែ១ពេល គំនិត ចងជា ដរាប” ។
នាងខ្ញុំសង្ឃឹមដែរថា រាល់ចំណុចខុសឆ្គង និងខ្វះខាត ក្រុមការងារយើងខ្ញុំខិតខំបំពេញបន្ថែម និងរងចាំទទួលគ្រប់ការកែរលម្អដោយស្ថាបនាពីបណ្តាប្រិយមិត្តទាំងអស់ដោយរីករាយ។
ឆ្លៀតក្នុងឱកាសនេះផងដែរ នាងខ្ញុំ សូមអនុញ្ញាតជូនពរ ដល់ឯកឧត្តមលោកជំទាវលោកស្រី និងបណ្តាប្រិយមិត្តទាំងអស់សូមប្រកបដោយជ័យមង្គលសិរីសួស្តី និងពុទ្ធពរទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លាងឃ្លាតឡើយ។
សូមអរគុណ!